ពី​មួយ​សប្ដាហ៍​ទៅ​មួយ​សប្ដាហ៍ ហេតុការណ៍​ជុំវិញ​បច្ចេកវិទ្យា​ទាំង​ក្នុង​ស្រុក​ និង​ក្រៅ​ស្រុក​មាន​ការ​វិវត្តន៍​យ៉ាង​ច្រើន​ខុសៗ​គ្នា។ នៅ​សប្ដាហ៍​នេះ​មាន​រឿងរ៉ាវ​អ្វី​ខ្លះ​កើត​ឡើង​នោះ Sabay សុំ​សង្ខេប​ជូន​ដល់​ប្រិយមិត្ត​ដូច​តទៅ៖

ក្រុម​អ្នក​ស្រាវជ្រាវ​ប្រចាំ​សាកលវិទ្យាល័យ​ Tulane ដែល​មាន​ទីតាំង​ស្ថិត​នៅ​ទីក្រុង ញូអៀឡេនស៍ ​រដ្ឋ​ឡូសៀនណា សហរដ្ឋ​អាមេរិក បាន​ចេញ​សេចក្ដី​ប្រកាស​ជា​សាធារណៈ​​ថា ​ក្រដាស​កាសែត​ចាស់ៗ​អាច​ចម្រាញ់​ចេញ​ជា​ប្រេង​ជីវ​ឥន្ធនៈ ប្រើ​ជំនួស​ឥន្ធនៈ​បាន។

នៅ​ក្នុង​នោះ​គេ​បាន​បញ្ជាក់​ថា ប្រភេទ​បាក់តេរី​ថ្មី និង​ប្លែក​ម្យ៉ាង​ដែល​ត្រូវ​បាន​ក្រុម​អ្នក​ស្រាវជ្រាវ​រក​ឃើញ​គឺ​ មាន​ឈ្មោះ​ថា «TU-103»។ ប្រភេទ​មេរោគ​ដែល​គេ​រក​ឃើញ​នេះ បាន​ផ្ដល់​​លទ្ធភាព​ឲ្យ​ក្រុម​អ្នក​ស្រាវជ្រាវ​ អាច​ចម្រាញ់​ចេញ​ជា​ ជីវឥន្ធនៈ ដែល​អាច​ប្រើ​ជំនួស​ប្រេង​ ឬ​ឧស្ម័ន​សម្រាប់​ឲ្យ​យានយន្ត​ដំណើរការ​បាន។

នា​ឱកាស​បើក​សិក្ខាសាលា​យុវជន​ថ្នាក់​ជាតិ​លើក​ទី​ ៥ ស្ដី​ពី “ការ​រៀបចំ​ខ្លួន​ដើម្បី​ជោគជ័យ​ក្រោយ​ពេល​បញ្ចប់​កម្រិត​មធ្យម​សិក្សា​ ទុតិយភូមិ” កាល​ពី​ថ្ងៃ​ទី ២៨ ខែ​សីហា​ឆ្នាំ​២០១១ Sabay បាន​ដាក់​តាំង​បង្ហាញ​ផលិតផល​កុំព្យូទ័រ Laptop ម៉ូដែល H2 របស់​ខ្លួន និង​ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍ និង​គាំទ្រ​ពី​យុវវ័យ​ដែល​បាន​ចូល​រួម​នា​ពេលនោះ។

សម្រាប់​សប្ដាហ៍​នេះ​ដែរ Sabay បាន​ចុះ​ផ្សាយ ទូរស័ព្ទ​ដៃ​ចំនួន​១០​គ្រឿង​ដែល​មាន​តម្លៃ​ថ្លៃ​បំផុត លើ​លោក​នា​ពេល​បច្ចុប្បន្ន​នេះ ក្នុង​នោះ​ពីរ​ម៉ូដែល​របស់​ក្រុមហ៊ុន Nokia គឺ NOKIA LAMBORGHINI 8800 SIROCCO និង GOLD EDITION NOKIA 8800 ស្ថិត​ក្នុង​ចំណោម​ម៉ាក​ទូរស័ព្ទ​ដែល​មាន​តម្លៃ​ថ្លៃ​បំផុត។

ក្រៅ​ពី​ទូរស័ព្ទ​ដែល​មាន​តម្លៃ​ថ្លែ​បំផុត​នោះ រថយន្ត​ដែល​មាន​ល្បឿន​លឿន​បំផុត​សម្រាប់​ឆ្នាំ ២០១១-២០១២ នេះ​ក៏​ស្ថិត​ក្នុង​ចំណោម​ Topic ដែល​ទទួល​បាន​ការ​ Comment ច្រើន​ពី​មិត្តៗ​យុវវ័យ​ផង​ដែរ។Koenigseg Agera ឈរ​នៅ​ទី​កំពូល​តារាង ក្នុង​នាម​ជា​ប្រភេទ​រថយន្ត​ដែល​មាន​ល្បឿន​លឿន​បំផុត​ជាមួយ​ល្បឿន ៤៣៩ គ.ម/ម៉ោង ហើយ​រថយន្ត​មួយ​គ្រឿង​នេះ​មាន​តម្លៃ ២.១ លាន​ដុល្លារ​អាមេរិក។

សម្រាប់​ឆ្នាំ​សិក្សា​ថ្មី ២០១១-២០១២ នេះ​មុខ​វិជ្ជា​ព័ត៌មាន​វិទ្យា បាន​ក្លាយ​ជា​ទី​ចំណាប់​អារម្មណ៍​សម្រាប់​យុវវ័យ​មិន​ថា​តែ​ទី​ជនបទ ឬ​ទី​ក្រុង​នោះ​ទេ។ តាម​ការ​ឲ្យ​ដឹង​គេ​មាន​ជំនឿ​ថា មុខ​វិជ្ជា​មួយ​នេះ​ចំនួន​សិស្ស​នឹង​មាន​សន្ទុះ​កើន​ឡើង​ជាង​ឆ្នាំ​កន្លង​ទៅ៕