សិង្ហបុរីៈ តម្លៃប្រេងដូងក្នុងកិច្ចសន្យាទិញលក់នាពេលអនាគត ឡើងថ្លៃដោយសារមានការរំពឹងថា ភាពចលាចលនៅតំបន់មជ្ឈិមបូព៌ា អាចជំរុញឲ្យរដ្ឋាភិបាលប្រទេសនានាបង្កើនការប្រើប្រាស់ជីវឥន្ធនៈ ដើម្បីជួយការពារប្រទេសរបស់ខ្លួនឲ្យផុតពីការអាក់ខានផ្គត់ ផ្គង់ប្រេងឆៅដែលអាចកើតមាននាពេលខាងមុខ។
តម្លៃប្រេងដូងសម្រាប់ចែកចាយនៅខែមិថុនា បានកើនឡើង ១,៤ភាគរយ ដល់៣ ៣០៥រីងហ្គីត (១ ០៩២ដុល្លារ) ក្នុងមួយតោននៅផ្សារហ៊ុនម៉ាឡេស៊ី និងមានតម្លៃ ៣ ២៧០រីងហ្គីតក្នុងមួយតោននៅម៉ោង ១២ និង៣នាទីល្ងាចនៅទីក្រុងគូឡាឡាំពួ។
កម្លាំងឧទ្ទាមលីប៊ី បានកើនឡើងនៅភាគខាងលិចទៅកាន់ទីក្រុង Sirte ដែលកំពុងកាន់កាប់កំពង់ផែប្រេង Ras Lanuf បន្ទាប់ពីយន្តហោះចម្បាំងរបស់សម្ព័ន្ធមិត្ត បានបំផ្លាញរថគ្រោះនិងកាំភ្លើងធំរបស់ក្រុមស្ម័គ្រស្មោះនឹង មេដឹកនាំលីប៊ី។ ទិន្នផលប្រេងរបស់លីប៊ី បានធ្លាក់ចុះ ខណៈជម្លោះរវាងរដ្ឋាភិបាលលីប៊ី និងពួកឧទ្ទាម បានបង្ខំឲ្យក្រុមហ៊ុនជាច្រើនរួមមានក្រុមហ៊ុន Total SA ផ្អាកប្រតិបត្តិការរបស់ខ្លួន។
លោក Carey Wong អ្នកវិភាគប្រចាំក្រុមហ៊ុន OCBC Invest Research Pte បានឲ្យដឹងតាមទូរស័ព្ទពីប្រទេសសិង្ហបុរីកាលពីម្សិលមិញថា៖ «មានឱកាសល្អមួយដែលជីវម៉ាស៊ូត នឹងឡើងថ្លៃម្តងទៀត ហើយរដ្ឋាភិបាលប្រទេសនានា ប្រហែលជាមានបំណងចាប់ផ្តើមប្រើប្រាស់ជីវម៉ាស៊ូត»។
អ្នកអង្កេតទីផ្សារប្រចាំក្រុមហ៊ុន Intertek បានឲ្យដឹងកាលពីថ្ងៃទី២៥ ខែមីនាថា ការនាំចេញប្រេងដូងរបស់ម៉ាឡេស៊ី បានធ្លាក់ចុះ៣,៧ភាគរយក្នុងរយៈពេល២៥ថ្ងៃក្នុងខែមីនា ដល់៩៣៧ ៥៩១តោនពីកម្រិត ៩៧៣ ៤៤១តោនក្នុងរយៈពេលដូចគ្នាកាលពីខែកុម្ភៈ ហើយបើធៀបនឹងការព្យាកររបស់ក្រុមហ៊ុន Societe Generale de Surveillance គឺធ្លាក់ចុះ ០,៣ភាគរយក្នុងរយៈពេលដូចគ្នា។
តម្លៃប្រេងដូងក្នុងកិច្ចសន្យាទិញលក់នាពេលអនាគតនានា បានធ្លាក់ចុះ០,៣ភាគរយ រហូតដល់ ៣ ២៥២រីងហ្គីតកាលពីព្រឹកម្សិលមិញ ដោយសារមានក្តីបារម្ភថា តម្រូវការប្រេងដូង ដែលគេប្រើប្រាស់ក្នុងការចម្អិនអាហារ អាចបន្តធ្លាក់ចុះ។ លោក Ker Chung Yang អ្នកវិភាគប្រចាំក្រុមហ៊ុន Phillip Futures Pte បានឲ្យដឹងតាមទូរស័ព្ទពីសិង្ហបុរីថា៖ «យើងគិតថាតម្រូវការប្រេងដូង មានកម្រិតទាបជាងមុន»៕
យោងតាមក្រុមប្រឹក្សាប្រេងដូងរបស់ប្រទេសម៉ាឡេស៊ី បានឲ្យដឹងថា ទិន្នផល និងស្តុកប្រេងដូងក្នុងប្រទេសម៉ាឡេស៊ី កើនឡើងកាលពីខែកុម្ភៈ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈលក្ខខណ្ឌអាកាសធាតុមិនល្អ បានធូរស្រាល ហើយការនាំចេញ បានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល៣ឆ្នាំ។ ក្រុមប្រឹក្សាបានឲ្យដឹងកាលពីថ្ងៃទី១០ ខែមីនាថា ស្តុកប្រេងជាអាហារនេះ បានកើនឡើង ៤,២ភាគរយ ដល់ចំនួន ១,៤៨លានតោន កាលពីខែកុម្ភៈ រីឯការនាំចេញបានធ្លាក់ចុះ ៨,៥ភាគរយ នៅត្រឹម ១,១១លានតោន ដែលជាកម្រិតទាបបំផុតចាប់ពីខែកុម្ភៈ ឆ្នាំ២០០៨។
ម៉ាឡេស៊ី ជាប្រទេសនាំចេញប្រេងដូងដ៏ធំមួយក្នុងពិភពលោក ដោយមានចំនួន ១៦១០០០០០តោនក្នុងឆ្នាំ២០១០៕ BP
Trackback(0)
TrackBack URI for this entryComments (0)
Show/hide comments