ជំរុញ​​សមភាព​យេនឌ័រ​ក្នុង​សង្គម​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មាន​តុល្យភាព​និង​អាច​កសាង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ភាព​​ម្ចាស់​ការ
វិបផតថល​ស្តី​អំពី​ស្ត្រី​ គឺ​ជា​បណ្តុំ​ព័ត៌មាន​អំពី​ច្បាប់​ សិទ្ធិ យេនឌ័រ​ និង​ឯកសារ​ជាច្រើន​ទៀត​ទាក់​ទង​នឹងការអភិវឌ្ឍន៍
ដោយសារ​មាន​ការ​កែប្រែ វិបផតថល​អំពី​ស្ត្រីនឹង​មិន​មាន​ព័ត៌មាន​ប្រចាំ​ថ្ងៃ តែ​ជំនួស​ដោយ​ព័ត៌មាន​អំពី​ស្ថាប័ន ច្បាប់ និង​ឯកសារ​ស្រាវជ្រាវ​នានា​វិញ
 

ផលិត​ផល​ច្នៃ​ប្រឌិត​របស់​ខ្មែរ​ ក្នុង​ឆ្នាំ​២០០៧

Send to friendកំណែ​ដែល​ងាយ​​ស្រួល​បោះពុម្ព​

ក្នុង​ឆ្នាំ​២០០៧​នេះ ​មាន​ការ​កែ​ច្នៃ ឬ​ការ​រក​ឃើញ​ថ្មី​ របស់​ខ្មែរ​ជាច្រើន។ ការ​កែ​ច្នៃ​ទាំង​នោះ​រួម​មាន​ឧបករណ៍​​ប្រើ​ប្រាស់ ​ដូច​ជា​ឧបករណ៍​អគ្គិសនី គ្រឿង​យន្ត​ធុន​តូច​សម្រាប់​ប្រើ​ប្រាស់​ផ្ទាល់​ខ្លួន ព្រម​ទាំង​ការ​កែ​ច្នៃ​យក​ថាមពល​អគ្គិសនី​ ឬ​ឧស្ម័ន​ពី​រុក្ខជាតិ​ ឬ​លាមក​សត្វ​ មក​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ រួម​ទាំង​ស្នាដៃ​ផ្សេងៗ​ដែល​បង្កើត​ថ្មី​ទៀត​ផង។

១. លោក គង់ ផារិទ្ធ​ អតីត​គ្រួ​បង្រៀន​ផ្នែក​គណិតវិទ្យា និង​រូបវិទ្យា ហើយ​បច្ចុប្បន្ន​ជា​ប្រធាន​អង្គការ​អ្នក​កសាង​សមត្ថភាព​ និង​ជា​ប្រធាន​មណ្ឌល​វៃ​ឆ្លាត កាល​ពី​ឆ្នាំ​២០០៥ លោក​បាន​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​មួយ​ ដោយ​សារ​តែ​លោក​បាន​ធ្វើ​ការ​កែច្នៃ​កង់​ដើរ​ដោយ​ថាមពល​ពន្លឺ​ព្រះ​អាទិត្យ​មួយ​គ្រឿង ​ដោយ​ជោគ​ជ័យ។ នៅ​ដើម​ឆ្នាំ​ ២០០៧ ដោយ​គំនិត​ច្នៃ​ប្រឌិត​ លោក​បាន​កែ​ច្នៃ​កង់​ប្រើ​ពន្លឺ​​ព្រះ​អាទិត្យ​បាន​ចំនួន​២​គ្រឿង​បន្ថែម​ទៀត ដែល​មាន​លក្ខណៈ​ទំនើប​ គុណភាព​ល្អ និង​ស្រួល​ប្រើ​ជាង​មុន។ លោក​ គង់​ ផារិទ្ធ ឱ្យ​ដឹង​ថា ការ​កែ​ច្នៃ​ថ្មី​នេះ ​​គឺ​ល្បឿន​របស់​កង់​អាច​រត់​បាន​ពី ៣០ ទៅ​ ៣៥ គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង​ ព្រម​ទាំង​ស៊ី​ថាមពល​តិច​ជាង​មុន​ទៀត​ផង។ កង់​ពី​គ្រឿង​ដែល​ខំ​កែ​ច្នៃ​ចុង​ក្រោយ​នេះ គឺ​កង់​ទី​១ ប្រើ​លេខ​អូតូ មាន​ពីរ​ប្រភេទ​នៃ​ល្បឿន ដោយ​បំពាក់​បន្ទះ​កញ្ចក់​ស្រប​ពន្លឺ​ព្រះ​អាទិត្យ​នៅ​ពី​ក្រោយ​មួយ​បន្ទះ​ទំហំ ៤៩ សង់ទីម៉ែត្រ ស្មើ​នឹង​ ២៥​វ៉ាត់ សម្រាប់​បញ្ចូល​ទៅ​ក្នុង​អាគុយ ១២​វ៉ុល។ រី​ឯ​កង់​ទី​២ ប្រើ​ហ្គែរ​សម្រាប់​បញ្ជា​​ល្បឿន​ដែល​បំពាក់​បន្ទះ​កញ្ចក់​​ស្រូប​ពន្លឺ​ព្រះ​អាទិត្យ​ចំនួន ២បន្ទះ​ ដែល​មួយ​បន្ទះ​មាន​ទំហំ ៣៥​​សង់ទីមែត្រ គុណ​នឹង​ ២៩​ សង់ទីម៉ែត្រ ស្មើ​នឹង​ ១០​វ៉ាត់ បញ្ចូល​ទៅ​ក្នុង​អាគុយ ១២​វ៉ុល ដោយ​បន្ទះ​កញ្ចក់​នីមួយ​ៗ​ អាច​បត់​បែន​ទៅ​រក​ពន្លឺ​ថ្ងៃ​បាន។

ក្រៅ​ពី​ការ​កែ​ច្នៃ​កង់​ប្រើ​ពន្លឺ​ព្រះ​អាទិត្យ លោក​បាន​កែ​ច្នៃ​គ្រឿង​អេឡិចត្រូនិក​មួយ​ចំនួន​ប្រើ​ថាមពល​ពន្លឺ​ព្រះ​អាទិត្យ​បាន​ជោគ​ជ័យ​ដូច​ជា​កង់​ដែរ។ គ្រឿង​អេឡិចត្រូនិក​ដែល​លោក​បាន​កែ​ច្នៃ​នោះ គឺ​មាន​ដូច​ជា​ឧបករណ៍​សុវត្ថិភាព​ស្វ័យ​ប្រវត្តិ និង​កុំព្យូទ័រ​ប្រើ​ពន្លឺ​ព្រះ​អាទិត្យ ហើយ​ស៊ី​ភ្លើង​តិច។

២. លោក តេង ប៉េងស៊ាង អាយុ​៤៥​ឆ្នាំ ជា​អ្នក​កែច្នៃ​ឧបករណ៍​មនុស្ស​ជិះ​ហោះ​បាន​ ដែល​មាន​ឈ្មោះ​ថា Para Motor។ លោក​ជា​មន្ត្រី​នៅ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​​នេសាទ ហើយ​គាត់​រៀន​ចប់​​អនុ​បណ្ឌិត​វិទ្យាសាស្ត្រ​នៅ​ប្រទេស​ថៃ ផ្នែក Space Technology Application and Research។

លោក តេង ប៉េងស៊ាង អាច​កែច្នៃ​ Para Motor សម្រាប់​ជិះ​ហោះ​បាន​ដោយ​ជោគ​ជ័យ កាល​ពី​ឆ្នាំ​២០០៦ ចំនួន​មួយ​គ្រឿង ហើយ​រហូត​ដល់​ឆ្នាំ​២០០៧ លោក​​កែ​ច្នៃ​បាន​រហូត​ដល់​ទៅ​ ៣​គ្រឿង​ សម្រាប់​ជា​ការ​ប្រើ​ប្រាស់​ផ្ទាល់​ខ្លួន។ លោក​បាន​ឱ្យ​ដឹង​ថា ឧបករណ៍​ហោះ​នេះ​ផ្គុំ​ឡើង​ដោយ​ឆត្រ​យោង​ និង​គ្រឿង​ម៉ាស៊ីន ដោយ​យក​ម៉ាស៊ីន​ម៉ូតូ​ចាស់​ៗ​ពីរ​តង់ ដែល​មាន​កម្លាំង​ពី​ ១២៥​​សេសេ ដល់​២០០​សេសេ មក​កាត់​ដោយ​កែ​ច្នៃ​បន្ថែម​ថាមពល​ឱ្យ​ខ្លាំង​ទើប​អាច​ហោះ​ឡើង​បាន​ ដោយ​បំពាក់​កង្ហារ​ឈើ​ជាប់​ជាមួយ​នឹង​ម៉ាស៊ីន​ ដែល​​មាន​ប្រវែង​១,១០​ម៉ែត្រ។

ឧបករណ៍​នេះ​ជិះ​​បាន​តែ​មនុស្ស​ម្នាក់​ប៉ុណ្ណោះ​ដែល​មាន​កៅអី​អង្គុយ ខ្សែ​ក្រវាត់ ព្រម​ទាំង​ឆត្រ​យោង​ទំហំ​ ២៧​ម៉ែត្រ​ការ៉េ។ ពេល​ហោះ​ឡើង​ទៅ​លើ​ ជាប់​នឹង​ខ្លួន​បំពាក់​ឧបករណ៍ GPS សម្រាប់​រក​ទិស​ និង​រយៈ​កម្ពស់ ព្រម​ទាំង​ការមេរ៉ា​ថត​រូប​មួយ​ផង។ Para Motor នេះ​អាច​ហោះ​បាន​ក្នុង​ល្បឿន​ ៨០​គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង ព្រម​ទាំង​អាច​ហោះ​បាន​ក្នុង​រយៈ​កម្ពស់​៥.០០០​ម៉ែត្រ។ លោក​បាន​ឱ្យ​ដឹង​ទៀត​ថា រហូត​ដល់​ឆ្នាំ​២០០៧ គឺ​ផលិត​ Para Motor បាន​ចំនួន​ ៣​គ្រឿង ហើយ​សម្រាប់​ប្រើ​ប្រាស់​ផ្ទាល់​ខ្លួន​ ហើយ​អាច​ផលិត​បាន​ច្រើន​ទៀត ប្រសិន​បើ​មាន​អ្នក​ត្រូវ​ការ​ ព្រម​ទាំង​មាន​កម្លាំង​ និង​សមត្ថភាព​ខ្លាំង​ជាង​មុន​ទៀត​ផង។

៣. ក្រុម​ហ៊ុន យូណាយធីត ហូលឌីង បាន​ធ្វើ​ការ​កែ​ច្នៃ​ ដោយ​យក​កំប្លោក​ធ្វើ​ជា​គ្រឿង​សង្ហារិម​សម្រាប់​ប្រើ​ប្រាស់។ គ្រឿង​សង្ហារិម​ដែល​យក​កំប្លោក​ទៅ​កែ​ច្នៃ​នេះ​មាន​ដល់​ទៅ​ជាង​ ៤០​ប្រភេទ ហើយ​ធ្វើ​ដោយ​ដៃ​សុទ្ធសាធ មាន​ដូច​ជា កន្ត្រក ហិប កៅអី សាឡុង ថាស ថូ​ផ្កា គ្រែ តុ ទូ ធុង​សំរាម និង​សម្ភារៈ​ជា​ច្រើន​មុខ​ទៀត។ គ្រឿង​សង្ហារិម​ដែល​ធ្វើ​ពី​កំប្លោក​នេះ​​មាន​គុណភាព​ខ្ពស់​ស្អាត ព្រម​ទាំង​មាន​ការ​ចាប់​អារម្មណ៍​ពី​អ្នក​ប្រើ​ប្រាស់​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស​ ដែល​ជា​ពិសេស​កន្លង​មក​បាន​នាំ​ចេញ​ទៅ​លក់​នៅ​ប្រទេស​អង់គ្លេស ន័រវ៉េស ប៉ូឡូញ អាល្លឺម៉ង់ ហ្វាំងឡង់ និង​ជប៉ុន ថែម​ទៀត​ផង។

៤. ជា​មោទនភាព​ថ្មី​មួយ ​ដែល​អត្ថបទ​របស់​លោក ឡាយ វិច្ឆិកា ត្រូវ​បាន​ចុះ​ផ្សាយ​នៅ​ក្នុង​ឆ្នាំ​២០០៧ ក្នុង​សៀវភៅ​ពិភពលោក​ស្ដី​ពី​វិទ្យាសាស្ត្រ សង្គម​ (International Encyclopedia of the Social Science) បោះ​ពុម្ព​ជា​លើក​ទី​២ ដោយ​សាជីវកម្ម​ថមសុន (Thomson Learning) ដែល​ជា​គ្រឹះ​ស្ថាន​ផ្នែក​អប់រំ​សិក្សាធិការ​ដ៏​ល្បី​ល្បាញ​នៅ​លើ​ពិភពលោក​មួយ​ស្ថិត​នៅ​សហរដ្ឋអាមេរិក។ សៀវភៅ​នេះ​មាន​តម្លៃ​ ៩៧៣ ដុល្លារ​អាមេរិក​ ក្នុង​មួយ​ក្បាល។ សៀវភៅ​នេះ​ជា​ឯកសារ​យោង និង​ស្រាវ​ជ្រាវ​ដ៏​គួរ​ឱ្យ​ទុក​ចិត្ត​មួយ។

អត្ថបទ​ដែល​សរសេរ​ដោយ​លោក ឡាយ វិច្ឆិកា​ មាន​ចំណង​ជើង​ថា "​ប៉ុល ពត"។ ក្រៅ​ពី​អត្ថបទ​នេះ​ មាន​អត្ថបទ​ផ្សេង​ទៀត​របស់​លោក ឡាយ វិច្ឆិកា ត្រូវ​បាន​ចុះ​ផ្សាយ​ក្នុង​គេហទំព័រ​របស់​​មូលនិធិ​ទូត​នៅ​ប្រទេស​ស្វីស គេហទំព័រ​របស់​សាកល​វិទ្យាល័យ​កាលីហ្វ័រញ៉ា និង​អត្ថបទ​ផ្សេង​ៗ​ទៀត​ចំនួន ១៣០​​អត្ថបទ។

លោក ឡាយ វិច្ឆិកា ជា​អតីត​ជំនួយ​ការ​សមាជិក​សភា​ម្នាក់ ជា​អ្នក​បក​ប្រែ​នៅ​ពីរ៉ាមីដ ជា​មន្ត្រី​កម្មវិធី​ផ្នែក​ច្បាប់​ការងារ ព្រម​ទាំង​មាន​មុខងារ​មួយ​ចំនួន​ទៀត។

៥. នៅ​ក្នុង​ឆ្នាំ​២០០៧ នេះ កសិករ​នៅ​ឃុំ​ញ៉ែងញ៉ង ស្រុក​ត្រាំកក់ ខេត្ត​តាកែវ បាន​រក​ឃើញ​អំពី​ការ​ប្រើ​ប្រាស់​ថ្នាំ​បែប​បុរាណ​ម្យ៉ាង​ ដែល​អាច​កម្ចាត់​សត្វ​មមាច​ត្នោត​ចង្រៃ​ដែល​បំផ្លាញ​ដំណាំ​ស្រូវ​យ៉ាង​មាន​ប្រសិទ្ធ​ភាព​បំផុត។ ថ្នាំ​នេះ​មាន​សមាសធាតុ​ផ្សំ ដូច​ជា ស្លឹក​ទៀប គ្រាប់​ទៀប វល្លិ​បណ្ដូល​ពេជ្រ​ ថ្នាំ​ខ្លាំង ម្ទេស សាប៊ូ ប្រេងកាត និង​ទឹក​បុក​លាយ​បញ្ចូល​គ្នា រួច​បាញ់​ទៅ​លើ​ស្រូវ​តែ​ម្ដង។

៦. បន្ទាប់​ពី​ការ​យក​ប្រេង​ល្ហុង​ខ្វង​មក​ច្នៃ​ធ្វើ​ជា​ប្រេង​ឥន្ធនៈ​បាន​នោះ បច្ចុប្បន្ន​គេ​អាច​កែ​ច្នៃ​ថាមពល​ជីវ​ឥន្ធនៈ ហៅ​ថា "​អេតាណុល" ដែល​ផលិត​ចេញ​ពី​វត្ថុ​ធាតុ​ដើម ដូច​ជា​អំពៅ ពោត ដំឡូង ឆៃថាវ ស្ដៅ និង​ស្រូវ​សាលី ជា​ដើម មក​ប្រើ​ប្រាស់​ជំនួស​ប្រេង​ឥន្ធនៈ​បាន។ ដើម​ក្ទម្ពទេស​ក៏​ជា​វត្ថុធាតុ​ដើម​ក្នុង​ការ​ផលិត​ឥន្ធនៈ​ជីវ​ម៉ាស់ ដើម្បី​បង្កើត​ជា​ថាមពល​អគ្គិសនី​សម្រាប់​ប្រើ​ប្រាស់​បាន​ដែរ។ សព្វ​ថ្ងៃ​នេះ​ថាមពល​អគ្គិសនី​ដែល​ដើរ​ដោយ​ឥន្ធនៈ​ជីវ​ម៉ាស់​នេះ​ កំពុង​តែ​ដំណើរ​ការ​សាក​ល្បង​នៅ​ខេត្ត​បាត់ដំបង និង​បណ្ដា​ខេត្ត​មួយ​ចំនួន​ទៀត។ នេះ​ជា​បច្ចេកទេស​ថ្មី​មួយ​ទៀត​សម្រាប់​ប្រទេស​កម្ពុជា​តាម​រយៈ​ការ​ផលិត​អគ្គិសនី​ចេញ​ពី​វត្ថុ​ធាតុ​ដើម​រុក្ខជាតិ​ទាំង​អស់​នេះ។

ថាមពល​ជីវ​ម៉ាស់​នេះ​​គឺ​ជា​ការ​យក​កាក​សំណល់​រុក្ខជាតិ​ផ្សេង​ៗ​ មក​ដុត​កម្ទេច​ ហើយ​ការ​ដុត​កាក​សំណល់​នេះ​អាច​ទាញ​យក​ផល​ប្រយោជន៍​បាន​ពីរ​យ៉ាង គឺ​ទី​មួយ​ ដុត​កម្ដៅ​ដើម្បី​យក​ចំហាយ ហើយ​ទី​ពីរ​ ធ្វើ​ឧស្ម័ន​កម្ម​ដោយ​យក​ដើម​ឈើ​ទៅ​ដុត ព្រោះ​ដើម​ឈើ​មាន​ជាតិ​ឧស្ម័ន ឬ​ជាតិ​ហ្គាស​យក​មក​ធ្វើ​ឧស្ម័ន​កម្ម​បន្សុត​ជាតិ​ឧស្ម័ន​ ដើម្បី​បង្វិល​ធូប៊ីន​ហ្គាស​ធូប៊ីន៕

ចែក​រំលែក​អត្ថបទ​ដោយ​ប្រើ​ del.icio.us digg
 
ស្នើដោយ៖ លក្ខិណា  កាល​បរិច្ឆេទ៖ សុក្រ 11 Jan 2008