កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ ក្រុម​អ្នក​ស្រាវជ្រាវ​ប្រចាំ​សាកលវិទ្យាល័យ​Tulane ដែល​មាន​ទីតាំង​ស្ថិត​នៅ​ទីក្រុង ញូអៀឡេនស៍ ​រដ្ឋ​ឡូសៀនណា សហរដ្ឋ​អាមេរិក បាន​ចេញ​សេចក្ដី​ប្រកាស​ជា​សាធារណៈ​​ថា ​ក្រដាស​កាសែត​ចាស់ៗ​អាច​ចម្រាញ់​ចេញ​ជា​ប្រេងជីវ​ឥន្ធនៈ ប្រើ​ជំនួស​ឥន្ធនៈ​បាន។

ប្រភេទ​បាក់តេរី​ថ្មី ហើយ​ប្លែក​ម្យ៉ាង​ដែល​ត្រូវ​បាន​ក្រុម​អ្នក​ស្រាវជ្រាវ​ទាំង​នោះ​រក​ឃើញ​គឺ​មាន​ឈ្មោះ​ថា «TU-103»។ ប្រភេទ​មេរោគ​ដែល​ទើប​នឹង​រក​ឃើញ​នេះ បាន​ផ្ដល់​​លទ្ធភាព​ឲ្យ​ក្រុម​អ្នក​ស្រាវជ្រាវ​ អាច​ចម្រាញ់​ចេញ​ជា​ ជីវឥន្ធនៈ ដែល​ប្រើ​ជំនួស​ប្រេង​ ឬ​ឧស្ម័ន​សម្រាប់​ឲ្យ​យានយន្ត​ដំណើរការ​​បាន។ ដំណើរការ​នៃ​​ចម្រាញ់​គឺ គេ​​បំបែក​សាច់ឈើ ដែល​មាន​ក្នុង​ក្រដាស​កាសែត​ចាស់ៗ​ទាំង​នោះ ឲ្យ​ទៅ​ជា​បង់តាណុល ព្រោះ​​ប៉ង់តាណុល​ជា​ប្រភេទ​ជីវឥន្ធនៈ ដែល​អាច​ប្រើ​ជំនួស​ឥន្ធនៈ​បាន។

ក្រុមអ្នកវិទ្យាសាស្ត្រ ប្រចាំសាកលវិទ្យាល័យTulane របស់សហរដ្ឋអាមេរិក

TU-103 មិន​មែន​មាន​តែ​ក្នុង​សាច់​ឈើ​ដែល​បាន​គ្រប់​ទិសទី​លើ​ភពផែន​ដី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គេ​ក៏​រក​ឃើញ​ពី​ក្នុង​លាមក​សត្វ​តាំង​ពី​ដំបូង​មក​ម្ល៉េះ។ “អ្វី​ដែល​សំខាន់​បំផុត​សម្រាប់​របក​គំហើញ​បាក់តេរី TU-103​គឺ លទ្ធភាព​ក្នុង​ការ​ចំរាញ់​ចេញ​ជា​ប៉ង់តាណុល​ពី​សាច់​ឈើ​ដោយ​ផ្ទាល់”។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​បណ្ឌិត David Mullin អ្នក​ទទួល​បន្ទុក​ផ្នែក​មន្ទីរពិសោធន៍​ប្រចាំ​សាកលវិទ្យាល័យ​ស្រាវជ្រាវ​Tulane។

អ្នកវិទ្យាសាស្ត្រ​រូប​នេះ​បាន​បន្ត​ទៀត​ថា របកគំហើញ​ថ្មី​នេះ មិន​ត្រឹម​តែ​ជួយ​កាត់​បន្ថយ​តម្លៃ​របស់​ប្រេង​លើ​ពិភព​លោក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជីវឥន្ធនៈ​ដែល​ទើប​នឹង​រក​ឃើញ​នេះ ​ក៏​មាន​​តួនាទី​កាត់​បន្ថយ​កាបូន​ឌីអុកស៊ីដ(Co2) និង​ការ​បំពុល​ដោយ​ផ្សែង​ពុល ពី​សំណល់​ដូច​ដែល​យើង​ប្រើ​ប្រេងឥន្ធនៈ​នោះ​ទេ។

នេះ​អាច​ចាត់​ទុក​ថា​ជា​ដំណឹង​ល្អ​ណាស់​មែនទេ? បើ​គេ​អាច​យក​សាច់​ឈើ ដែល​ដុះ​គ្រប់​ទីកន្លែង​មក​ចម្រាញ​ចេញ​ជា​ប៉ង់តាណុល​(ជីវឥន្ធនៈ) បាន​មែន តើ​តម្លៃ​ប្រេង​ជា​សាកល​នឹង​ធ្លាក់​ថ្លៃ​មែនឬ? ចុះ​តម្លៃ​លើ​ទីផ្សារ​កម្ពុជា​យ៉ាង​ម៉េច​ដែរ?

ដោយ៖ ចិត្ថាយា