អធិប្បាយចុងក្រោយ
|
ប្រេងឆាប្រើរួចអាចយកទៅធ្វើជាប្រេងឥន្ធនៈដ៏ល្អបំផុត |
ដោយ ឡូរ៉ង់ ឡឺហ្គូអង់វិច | | ០៨-០៥-២០០៨ | ភ្នំពេញ ថ្ងៃទី ៥ ឧសភា ២០០៨ លោកដាវីដ ហ៊្វូ និងលោកដាវីដ គ្រែនជើ ផលិតករប្រេងម៉ាស៊ូតជីវៈ «ផលិតនៅកម្ពុជា» ដែលចម្រាញ់ចេញពីប្រេងឆាដែលគេប្រើប្រាស់រួច © John Vink / Magnum អ្នករស់នៅទីក្រុងភ្នំពេញដែលតែងតែជួបប្រទះបញ្ហាកកស្ទះចរាចរណ៍ជាប្រចាំ នឹងមានភាពរីករាយប្រសិនបើថ្ងៃមួយពួកគេអាចធុំក្លិនឈ្ងុយដូចដំលូងបារាំងចៀនភាយជុំវិញខ្លួនពួកគេ។ ក្លិននេះគឺចេញមកពីយានយន្តប្រើប្រេងឥន្ធនៈប្រភេទថ្មីម្យ៉ាង។ នោះគឺប្រេងម៉ាស៊ូតជីវៈ( biodiesel)ផលិតដោយក្រុមហ៊ុនក្នុងស្រុកតូចមួយឈ្មោះ«Biodiesel Cambodia » ដោយប្រើវត្ថុធាតុដើមពីប្រេងឆាសល់ពីការចម្អិនអាហារ។ ខុសពី ជីវៈឥន្ធនៈ(biocarburant)ផលិតចេញពីគ្រាប់ពោត ឬសណ្តែកសៀង ដែលជាកត្តាមួយធ្វើអោយតម្លៃផលិតផលចំណីអាហារកើនឡើង « ប្រេងម៉ាស៊ូតជីវៈ» កម្ពុជាប្រភេទថ្មីនេះគឺមានអត្ថប្រយោជន៍ក្នុងការកែច្នៃកាកសំណល់ដែលបំផ្លាញសុខភាពមនុស្ស និងការពារបរិស្ថានថែមទៀតផង។ នៅកន្លែងជួសជុលរថយន្តធម្មតាមួយ មុខខ្លោងទ្វារចូលគេហដ្ឋានដ៏សាមញ្ញមួយក្នុងសង្កាត់ទួលគោក ក្រុងភ្នំពេញ ជនជាតិអូស្រ្តាលីពីរនាក់ ឈ្មោះដាវីដ គ្រែនជើ(David Granger) និងដាវីដ ហ៊្វូ (David Foo) រៀបចំលាយល្បាយដ៏គួរអោយភ្ញាក់ផ្អើលមួយ ចេញពីប្រេងឆាចាស់ៗ ប្រមូលបានពីក្នុងភោជនីយដ្ឋាននានាក្នុងទីក្រុងភ្នំពេញ និងខេត្តសៀមរាប។
ជីវៈឥន្ធនៈដ៏ល្អ ច្រោះ សម្រិត លាយផលិតផលជាច្រើន ក្នុងនោះមានជាតិមេតាននិងផូតាស្យូម បន្ទាប់មកកែច្នៃដោយប្រើវិធីសាស្រ្តគីមីវិទ្យាយ៉ាងហ្មត់ចត់... ប្រេងឆាចាស់ៗទាំងនេះក៏ផ្តល់ជាប្រេងឥន្ធនៈដែលមានតម្លៃថោក និងគុណភាពល្អ មានជាតិរំអិលច្រើនជាងប្រេងម៉ាស៊ូតសព្វថ្ងៃ និងជាពិសេសវាមិនបញ្ចេញឧស្ម័នកាបូនិច ដែលជាឧស្ម័នមួយរួមចំណែកធ្វើអោយបរិយាកាសឡើងកំដៅទៀតផង។ លោកដាវីដ គ្រែនជើ គូសបញ្ជាក់ថា ៖ « ជីវៈឥន្ធនៈនេះអាចប្រើជំនួសប្រេងម៉ាស៊ូតតែម្តង គឺអាចប្រើបានជាមួយនឹងម៉ាស៊ីនគ្រប់ប្រភេទទាំងអស់។ គេគ្រាន់តែផ្លាស់ប្តូរតម្រងប្រេងយានយន្តនៅពេលប្រើប្រេងប្រភេទនេះជាលើកដំបូងប៉ុណ្ណោះ។ វាមិនអស់ប្រាក់ច្រើនទេ ហើយងាយស្រួលធ្វើថែមទៀត»។
ម៉ាស៊ីនបូមទឹក ម៉ាស៊ីនភ្លើង ត្រាក់ទ័រ ឬរថយន្តកូឡេកង់ទាំង៤ ដូចរថយន្តរបស់ស្ថានទូតអង់គ្លេសប្រចាំក្រុងភ្នំពេញជាដើម គឺបានប្រើប្រេងឥន្ធនៈពីក្រុមហ៊ុន Biodiesel Cambodia ទាំងអស់។ ក្រៅពីនេះគឺនៅមានអតិថិជនមួយចំនួនទៀតនៅក្នុងក្រុងភ្នំពេញ។ ម៉ាស៊ីនទាំងនោះដំណើរការយ៉ាងល្អគ្មានបញ្ហាអ្វីទេជាមួយនឹងប្រេងម៉ាស៊ូតផលិតចេញពីប្រេងឆានេះ។
ជួយដល់អនាម័យសុខភាព ក្រៅពីមិនប៉ះពាល់ដល់បរិស្ថានដោយវាមិនបានបញ្ចេញឧស្ម័នកាបូនិច វានៅមានបន្ថែមគុណប្រយោជន៍ផ្នែកសុខភាពទៀតផង។ កន្លងមក ប្រេងឆាដែលប្រើប្រាស់រួចតែងត្រូវម្ចាស់ភោជនីយដ្ឋានធំៗលក់ទៅអោយអ្នកលក់ដូរតូចតាចនៅតាមផ្លូវ។ អ្នកទាំងនេះយកវាទៅប្រើប្រាស់ជាច្រើនដងទៀត ហើយប្រេងរុក្ខជាតិទាំងនេះក្លាយទៅជាមិនស្អាតសម្រាប់ការទទួលទាន និងអាចបង្កជាជំងឺមហារីកកម្រិតខ្ពស់។ ដូច្នេះការយកវាទៅប្រើធ្វើជាជីវៈឥន្ធនៈអាចបញ្ចៀសកុំអោយមានប្រេងឆានេះនៅក្នុងចំណីអាហារ។
មានគុណសម្បត្តិជាងជីវៈឥន្ធនៈផ្សេងទៀត គុណសម្បត្តិផ្សេងទៀតនៅក្នុងផ្នែកម៉ាក្រូសេដ្ឋកិច្ច នោះគឺ ប្រេងម៉ាស៊ូតជីវៈផលិតចេញពីប្រេងរុក្ខជាតិកែច្នៃគ្រាន់តែធ្វើអាជីវកម្មលើកាកសំណល់ចំណីអាហារប៉ុណ្ណោះ គឺមិនធ្វើអោយអ្នកប្រើប្រាស់បាត់បង់ចំណីអាហារពួកគេនោះឡើយ គឺខុសពីជីវៈឥន្ធនៈធ្វើពីគ្រាប់ពោត សណ្តែកសៀង ឬប្រេងរុក្ខជាតិផ្សេងទៀត។ គេចោទប្រកាន់ថា ការចម្រាញ់ប្រេងឥន្ធនៈទាំងអស់នេះធ្វើអោយចំណីអាហារឡើងថ្លៃ ដោយសារការយកដីដែលធ្លាប់តែដាំដំណាំហូបចុកកន្លងមកទៅដាំដំណាំទាំងនោះវិញ។
តម្លៃផលិតកម្មនៅមិនទាន់មានលក្ខណៈប្រកួតប្រជែង ទោះយ៉ាងណា ផលចំណេញបានមកពីប្រេងឥន្ធនៈ«ផលិតនៅកម្ពុជា»នេះគឺមានចំនួនតិចតួចនៅឡើយសម្រាប់ពេលនេះ ដោយហេតុថាតម្លៃផលិតកម្មមានកម្រិតខ្ពស់។ តម្លៃប្រេងម៉ាស៊ូតជីវៈ គឺ ៣៤០០ ក្នុងមួយលីត្រ(០,៨៥ដុល្លារ) គឺនៅថោកជាងប្រេងបូមចេញពីអណ្តូងរ៉ែ៦០០រៀលដែរ។ តែតម្លៃនេះអាចធ្លាក់ចុះទៀតប្រសិនបើវត្ថុធាតុដើម (កាកសំណល់ប្រេងឆា) មានបរិមាណច្រើន និងតម្លៃថោក...
លោកដាវីដ ហ៊្វូ ពន្យល់ថា៖ «យើងមិនមែនបានវាមកដោយទទេទេ យើងទិញប្រេងឆាមួយលីត្រតម្លៃ១ពាន់រៀល គឺទាបជាងតម្លៃនៅលើទីផ្សារចំនួនពីរដង។ ភោជនីយដ្ឋានជាច្រើនលក់ប្រេងឆាចាស់ៗរបស់ខ្លួនទៅអោយអ្នកលក់ដូរនៅតាមផ្លូវក្នុងតម្លៃពី២ពាន់ទៅ២ ៥០០រៀលក្នុងមួយលីត្រ។ ក្នុងតម្លៃនេះ យើងត្រូវលក់ប្រេងម៉ាស៊ូតតម្លៃជាង១ដុល្លារក្នុងមួយលីត្រ អីចឹងវាដដែលជាដដែលទេបើធៀបនឹងតម្លៃសាំងធម្មតានោះ»។
ម្ចាស់ភោជនីយដ្ឋានចូលរួម បច្ចុប្បន្នប្រព័ន្ធនេះដំណើរការទៅបាន គឺដោយសារការចូលរួមដោយស្ម័គ្រចិត្តរបស់ម្ចាស់ភោជនីយដ្ឋាននៅខេត្តសៀមរាប (៤ពាន់លីត្រក្នុងមួយខែ) និងនៅភ្នំពេញ (២ពាន់លីត្រ)។ នៅសៀមរាប ការគាំទ្រពីសំណាក់អាជ្ញាធរសុខាភិបាលបាននាំមកនូវការជំរុញមួយយ៉ាងខ្លាំង។ លោកដាវីដ គ្រែនជើ បញ្ជាក់ថា៖ «មន្ទីរសុខាភិបាលបានធ្វើយុទ្ធនាការផ្សព្វផ្សាយព័ត៌មានស្តីពីឥទ្ធិពលអាក្រក់របស់ប្រេងឆាដែលប្រើប្រាស់រួច ប៉ុន្តែសម្រាប់អ្នកលក់ដូរតូចតាចនៅតាមផ្លូវ បញ្ហានៅតែដដែល ព្រោះពួកគេត្រូវការប្រេងឆាមានតម្លៃថោក»។
មធ្យោបាយផ្សេងទៀតដែលត្រូវស្រាវជ្រាវ លោកដាវីដ គ្រែនជើ គូសបញ្ជាក់ទៀតថា៖ «នៅប្រទេសចិន និងជប៉ុន ការកែច្នៃប្រេងឆាគឺជារឿងទូទៅ»។ ប៉ុន្តែនៅកម្ពុជា ការផ្គត់ផ្គង់អាចនឹងមិនគ្រប់តាមការបញ្ជាទិញ។ ហេតុដូច្នេះ ស្របពេលជាមួយគ្នានៃការប្រើប្រាស់ប្រេងឆាប្រើរួចនេះ ក្រុមហ៊ុន Biodiesel Cambodia ក៏វិនិយោគលើប្រភពប្រេងឥន្ធនៈមួយផ្សេងទៀតដែរ គឺគ្រាប់ល្ហុងខ្វង។ វាជាប្រភេទរុក្ខជាតិដុះឯងៗនៅកម្ពុជា ហើយគេមិនអាចយកទៅទទួលទានបានទេ។ វាអាចដុះបាននៅលើដីមិនសូវមានជីជាតិដែលដំណាំផ្សេងៗទៀតមិនអាចរស់បាន។
ការលាយបញ្ចូលគ្នានូវប្រភពទាំងពីរនេះ គឺប្រេងឆាចាស់ៗ និងល្ហុងខ្វង បានបង្ហាញពីប្រសិទ្ធភាពរបស់ខ្លួនតាមរយៈគម្រោងសាកល្បងមួយរបស់សាកលវិទ្យាល័យមួយនៅខេត្តព្រៃវែង។ នៅក្នុងខេត្តនេះ ក្រុមផលិតកម្មជីវៈឥន្ធនៈពីប្រេងឆាប្រើរួច និងគ្រាប់រុក្ខជាតិក្បែរៗនោះ ត្រូវបានបង្កើតឡើងដោយមានអន្តរាគមន៍ពីលោកដាវីដ គ្រែនជើ ក្នុងនាមជាអ្នកស្ម័គ្រចិត្តអូស្រ្តាលីដើម្បីការអភិវឌ្ឍអន្តរជាតិ។
សម្រាប់ទីផ្សារបៃតងពោរពេញដោយក្តីសង្ឃឹមនេះ មិនមែនមានតែក្រុមហ៊ុន Biodiesel Cambodia ដែលបង្កើតឡើងនៅឆ្នាំ២០០៦ និងប្រើប្រាស់កម្មករ១៣នាក់នេះទេដែលចាប់អារម្មណ៍ទៅលើវា គឺមានគម្រោងវិនិយោគជាច្រើនទៀតក៏មានបំណងធ្វើដូចគ្នាដែរនៅពេលនេះ។
សម្រាប់ព័ត៌មានបន្ថែម ស្តីពីជីវៈឥន្ធនៈ -សមាគមបារាំង Hespul ឯកទេសខាង «ការអភិវឌ្ឍន៍ថាមពលកកើតឡើងវិញ និងប្រសិទ្ធិភាពនៃថាមពល» ដែលបានសរសេររៀបរាប់ជាច្រើនទំព័រ ទាក់ទងនឹងជីវៈឥន្ធនៈ ជាពិសេស អ្វីដែលគេហៅថា «ជំនាន់ទីពីរ» ។ -ចលនាសម្រាប់ប្រជាពលរដ្ឋម្ចាស់ស្រុក Survival បានបង្ហាញពីការគំរាមកំហែងលើទឹកដីរបស់ខ្លួន ដោយសារតែការផលិតជីវៈឥន្ធនៈ ជាពិសេសអ្វីដែលផលិតជាមួយនឹងប្រេងត្នោត នៅក្នុងអត្ថបទ «ជីវៈឥន្ធនៈគំរាមកំហែងទឹកដីរបស់ប្រជាពលរដ្ឋម្ចាស់ស្រុកចំនួន៦០លាននាក់» -សម្រាប់ព័ត៌មានបន្ថែមស្តីពីគម្រោងដែលដឹកនាំដោយក្រុមហ៊ុន Biodiesel Cambodia : www.biodieselcambodia.com
|
|
|