រូបភាព
កំពុងទស្សនា
eXTReMe Tracker

PostHeaderIcon រោងចក្រ​ “អេតាណុល”​ ដំបូងត្រូវ​បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់

ភ្នំពេញ៖ រោងចក្រ​ផលិត​ប្រេង​ជីវឥន្ធនៈ​ដ៏​ធំ​មួយ​ជា​លើក​ដំបូង​របស់​ប្រទេស​កម្ពុជា​ ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន​មក​ពី​ប្រទេស​កូរ៉េ​ខាង​ត្បូង​ក្នុង​ទុន​វិនិយោគ ​ចំនួន​ប្រមាណ​ជាង​៤០​លាន​ដុល្លារ​អាមេរិក​ ត្រូវ​បាន​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​នា​ព្រឹក​ថ្ងៃ​ទី​១៧​ ខែ​វិច្ឆិកា​នេះ​ នៅ​ស្រុក​ពញាឮ​ ខេត្ត​កណ្ដាល​ ក្រោម​អធិបតីភាព​របស់​សម្ដេច​អគ្គមហាសេនាបតី​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

រោងចក្រ​ផលិត​ប្រេង​ជីវឥន្ធនៈ​របស់​ក្រុមហ៊ុន​អិមអេចបាយអូ.អេនើជី​ (MH.Bio-Energy Co;Ltd) ដែល​ទើប​នឹង​សាងសង់​រួច​នេះ​ គឺ​ជា​សមិទ្ធផល​ទី​មួយ​របស់​កម្ពុជា​ ក្នុង​គម្រោង​បង្កើត​ជម្រើស​ថ្មី​នៃ​ប្រភព​ថាមពល​ពី​អេតាណុល។

សម្ដេច​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​មាន​ប្រសាសន៍​ថា​ រោងចក្រ​នេះ​នឹង​ផ្ដល់​នូវ​គុណ​ប្រយោជន៍​ច្រើន​សម្រាប់​សេដ្ឋកិច្ច​កម្ពុជា​ ក្នុង​នោះ​មាន​ដូច​ជា​ការ​បង្កើត​ប្រភព​ចំណូល​ថ្មី​សម្រាប់​ជញ្ជីង​ ពាណិជ្ជកម្ម​ និង​ការ​បង្កើត​ការងារ​សម្រាប់​ បុគ្គលិក​ កម្មករ​ ប៉ុន្តែ​​អ្វី​ដែល​ជា​គុណ​​ប្រយោជន៍​ពិសេស​ និង​មាន​ចរិត​យុទ្ធសាស្ត្រ​សម្រាប់​ប្រទេស​កម្ពុជា​ គឺ​ការ​វិនិយោគ​ និង​ដំណើរការ​ប្រព្រឹត្ត​ទៅ​នៃ​រោងចក្រ​ផលិត​ប្រេង​ជីវឥន្ធនៈ​នេះ​ នឹង​នាំ​មក​នូវ​ការ​ផ្ទេរ​បច្ចេកវិជ្ជា​ដ៏​ធំ​មួយ​​សម្រាប់​កម្ពុជា​ ពោល​គឺ​ការ​កសាង​នូវ​​សមត្ថភាព​ក្នុង​ស្រុក​មួយ​សម្រាប់​កម្ពុជា​នៅ​ក្នុង​ វិស័យ​ថាមពល​កើត​ឡើង​វិញ​ និង​ជម្រើស​ថ្មី​នៃ​ប្រភព​ថាមពល។

សម្ដេច​តេជោ​ ហ៊ុន​ សែន​ បាន​ធ្វើ​ការ​កត់​សម្គាល់​ថា​ អ្វី​ដែល​សំខាន់​នៅ​ទី​នេះ​ គឺ​មិនមែន​គ្រាន់​តែ​​ជា​បញ្ហា​រោងចក្រ​ដាច់​ដោយ​ឡែក​ទេ​ រោងចក្រ​នេះ​អាច​និយាយ​បាន​​ថា​ ជា​ផ្សារ​របស់​កសិករ​ដាំ​ដំឡូង​ទៅ​វិញ​ទេ។ ហើយ​ប្រសិន​បើ​រោងចក្រ​នេះ​ពង្រីក​លទ្ធភាព​ដល់​កម្រិត​ពេញ​សមត្ថភាព​ដែល​អាច ​ឈាន​ទៅ​ដល់​៣០​ម៉ឺន​តោន​ ទៅ​៥០​ម៉ឺន​តោន​ ឬ​លើស​ពី​នេះ​ កសិករ​របស់​យើង​ដាំ​ដំឡូង​បាន​ប៉ុន្មាន? មុន​នេះ​កសិករ​យើង​ដាំ​គ្រាន់​តែ​សម្រាប់​ធ្វើ​ជា​ស្បៀង​​បណ្ដោះ​អាសន្ន​ ប៉ុណ្ណោះ​ តែ​ពេល​នេះ​វា​ក្លាយ​ទៅ​ជា​វត្ថុធាតុ​ផ្សំ​ដ៏​មាន​សារសំខាន់​មួយ​សម្រាប់​ ប្រើ​ឲ្យ​វិស័យ​ស្បៀង​ និង​ការ​ផលិត​នូវ​ជីវឥន្ធនៈ។

តាម​តួ​លេខ​បាន​បង្ហាញ​ថា​ ឆ្នាំ​ទៅ​កសិករ​កម្ពុជា​ដាំ​ដំឡូង​មី​ត្រឹម​តែ​១០​ម៉ឺន​ហិកតា​ទេ​ តែ​ឆ្នាំ​២០០៨​ បាន​ឡើង​ដល់​១៧,៥​ម៉ឺន​ហិកតា។ អ៊‌ីចឹង​ទេ​ឆ្នាំ​ក្រោយ​ត​ទៅ​ទៀត​ ការ​ដាំ​ដំឡូង​មី​នឹង​កាន់​តែ​កើន​ឡើង​ថែម​ទៀត​ ដែល​នេះ​គឺ​ជា​ការ​បង្កើត​ការងារ​​បង្កើត​ទី​ផ្សារ​សម្រាប់​កសិករ​ និង​​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ។

សម្ដេច​តេជោ​បាន​បន្ត​ថា​ ដំណើរ​ការ​ផលិតកម្ម​នេះ​នឹង​ផ្ដល់​សារសំខាន់​៦​យ៉ាង​ ដែល​ផ្សារ​ភ្ជាប់​គ្នា​យ៉ាង​ជិត​ស្និទ្ធ​រវាង​វិស័យ​ឧស្សាហកម្ម​ និង​កសិកម្ម​ ក្នុង​នោះ​រួម​មាន​ការ​ផ្ដល់​តម្លៃ​បន្ថែម​ទៅ​លើ​វត្ថុ​ធាតុ​ដើម​​ម្សៅ​ ដំឡូង​មី​ ដែល​កន្លង​មក​នាំ​ចេញ​ដោយ​ពុំ​បាន​កែ​ច្នៃ។ ការ​បង្កើត​ការងារ​ និង​បង្កើន​​ប្រាក់​ចំណូល​ជូន​ប្រជាកសិករ។ ការ​បណ្ដុះបណ្ដាល​បច្ចេកទេស​ និង​ជំនាញ​ផ្សេង​ទៀត​ដល់​បុគ្គលិក​កម្មករ​ តាម​ភារកិច្ច​របស់​ខ្លួន​ក្នុង​អំឡុង​ពេល​បំពេញ​ការងារ​តាមរយៈ​ធ្វើ​ការ​ សិក្សា​ និង​អនុវត្ត​ផ្ទាល់​នៅ​នឹង​កន្លែង។ ការ​ផ្ទេរ​នូវ​បច្ចេកវិជ្ជា​ថ្មីៗ​ដែល​កន្លង​មក​កម្ពុជា​ពុំ​ធ្លាប់​មាន។ ការ​បង្កើត​ការ​នាំ​ចេញ​ដោយ​បន្ថែម​នូវ​មុខ​ផលិតផល​ថ្មី​លើ​មុខ​ផលិតផល​ចាស់ ​ដែល​ធ្លាប់​នៃ​ចេញ​កន្លង​មក​ ហើយ​ក៏​ជា​ការ​ចូលរួម​​កាត់បន្ថយ​អតុល្យភាព​ជញ្ជីង​ពាណិជ្ជកម្ម​ និង​ការ​បង្កើត​សេវាកម្ម​គាំទ្រ​ផ្សេងៗ​ទៀត​ ជា​ច្រើន​ ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​ជីវ​ថាមពល។

គួរ​កត់​សម្គាល់​ថា​ នា​ពេល​កន្លង​​ទៅ​រោងចក្រ​អិមអេចបាយអូ.អេនើជី​នេះ​ ត្រូវ​បាន​ទទួល​ការ​រិះគន់​យ៉ាង​ខ្លាំង​ព​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ទី​នោះ​ ដោយ​សារ​ថា​ បាន​បង្ហូរ​សារធាតុ​ពុល​ទៅ​ក្នុង​បឹង។

សម្ដេច​តេជោ​ ហ៊ុន​ សែន​ បាន​សុំ​ទោស​ចំពោះ​ប្រជាពលរដ្ឋ​នៅ​ទី​នោះ​ដែល​​ពេល​កន្លង​មក​រោងចក្រ​បាន​ ធ្វើ​ឲ្យ​មាន​ការ​ប៉ះពាល់​បញ្ហា​បរិស្ថាន​ចំពោះ​ប្រជាពលរដ្ឋ​នៅ​ជិត​ខាង​ រោងចក្រ។ សម្ដេច​បាន​បន្ត​ថា​ បញ្ហា​នេះ​បង្ក​ឡើង​ដោយសារ​តែ​បញ្ហា​អាកាសធាតុ​ធ្វើ​ឲ្យ​ការ​ដឹកជញ្ជូន​ សម្ភារៈ​ឧបករណ៍​កម្ចាត់​ជាតិ​ពុល​ក្នុង​រោងចក្រ​​មក​មិន​ទាន់​ពេលវេលា។ ក៏​ប៉ុន្តែ​​ចាប់​ពី​ពេល​នេះ​ទៅ​លែង​មាន​ការ​បង្ហូរ​ជាតិ​ពុល​ទៅ​ក្នុង​បឹង​ ទៀត​​ហើយ​ ព្រោះ​រោងចក្រ​បាន​បំពាក់​ឧបករណ៍​ធានា​ការពារ​សុវត្ថិភាព​ និង​ការពារ​ឲ្យ​បាន​នូវ​បំពុល​បរិស្ថាន​ផ្សេងៗ។

លោក​ ស៊ុយ​ សែម​ រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម​រ៉ែ​ និង​ថាមពល​បាន​មាន​ប្រសាសន៍​​ឲ្យ​ដឹង​ថា​ នៅ​ឆ្នាំ​២០០១​ក្រុមហ៊ុន​អិមអេច​ បាយអូ​ អេនើជី​ បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ ស៊ី-ជេ​កម្ពុជា​ ធ្វើ​ការ​ដាក់​ទុន​វិនិយោគ​លើ​ការ​ដាំដំណាំ​ដំឡូង​មី​លើ​ផ្ទៃ​ដី​ប្រមាណ​ ៨.០០០​ហិកតា​ នៅ​ខេត្ត​កំពង់ស្ពឺ​ និង​បាន​បង្កើត​រោងចក្រ​​ផលិត​ម្សៅ​ដំឡូង​មី​នៅ​ទី​នោះ​ ដើម្បី​ផលិត​ និង​នាំ​ចេញ។ បន្ទាប់​មក​ដោយ​មាន​ទំនុក​ចិត្ត​កាន់​តែ​ខ្ពស់​លើ​បរិស្ថាន​វិនិយោគ​នៅ​ កម្ពុជា​ និង​ដោយ​ពិនិត្យ​ឃើញ​ថា​ ប្រទេស​កម្ពុជា​ មាន​លក្ខណ​សម្បត្តិ​គ្រប់គ្រាន់​សម្រាប់​ការ​បង្កើត​រោងចក្រ​កែច្នៃ​ម្សៅ​ ដំឡូង​មី​ផលិត​ជា​ប្រេង​ជីវឥន្ធនៈ “អេតាណុល”​ ដើម្បី​ផ្គត់ផ្គង់​ឲ្យ​ការ​កើន​ឡើង​ឥត​ឈប់ឈរ​នៃ​តម្រូវ​ការ​ប្រេង​ឥន្ធនៈ​នៅ ​លើ​ពិភពលោក​ក្រុមហ៊ុន​អិមអេចបាយអូអេនើជី​ ក៏​បាន​ចាប់​ផ្ដើម​ធ្វើ​ការ​សាងសង់​រោងចក្រ​ដែល​ស្ថិត​នៅ​ចំពោះ​មុខ​យើង​ ទាំងអស់​គ្នា​នេះ​ឡើង​នៅ​ក្នុង​ ខែ​វិច្ឆិកា​ ឆ្នាំ​២០០៦​ ហើយ​ការ​សាងសង់​បាន​បញ្ចប់​ជា​ស្ថាពរ​ នៅ​ខែ​មេសា​ឆ្នាំ​២០០៨​ ដោយ​ចំណាយ​ទុន​វិនិយោគ​សរុប​ប្រមាណ​ ៤០​លាន​ដុល្លារ​​ អាមេរិក។

បច្ចុប្បន្ន​រោងចក្រ​ផលិត​ប្រេង​ជីវឥន្ធនៈ​ “អេតាណុល”​ ដែល​បាន​​កសាង​រួច​ហើយ​នេះ​ មាន​សមត្ថភាព​ផលិត​ប្រេង​ជីវឥន្ធនៈ​អេតាណុល​​៣៦.០០០​តោន​ក្នុង​មួយ​ឆ្នាំ​ សម្រាប់​នាំ​ចេញ​ និង​ត្រូវ​ការ​វត្ថុ​ធាតុ​ដើម​ម្សៅ​ដំឡូង​មី​ស្ងួត​ចំនួន​១០០.០០០​តោន​ក្នុង ​មួយ​ឆ្នាំ​​ដែល​បាន​មក​ពី​កសិដ្ឋាន​ផ្ទាល់​របស់​ក្រុមហ៊ុន​ និង​ទិញ​បន្ថែម​ពី​បងប្អូន​កសិករ​តាម​បណ្ដា​ខេត្ត​នានា។ រោងចក្រ​នេះ​នឹង​​ផ្ដល់​ការងារ​ដល់​កម្មករ​ផលិត​ផ្ទាល់​ចំនួន​១៩២​នាក់​នៅ​ ក្នុង​ខ្សែ​សង្វាក់​ផលិតកម្ម​របស់​ខ្លួន​ ហើយ​ក្រុមហ៊ុន​មាន​គម្រោង​​ពង្រីក​សមត្ថភាព​​ក្នុង​ឆ្នាំ​បន្តបន្ទាប់​ទៀត​ រហូត​ដល់​មាន​សមត្ថភាព​ទ្វេ​ដង​ ដែល​នេះ​ គឺ​ជា​ការ​បង្កើន​ទី​ផ្សារ​បន្ថែម​ទៀត​​សម្រាប់​បងប្អូន​កសិកម្ម​ដែល​ ដាំដំណាំ​ដំឡូង​មី។

បើ​យោង​តាម​ការ​បញ្ជាក់​របស់​លោក​ វី​ ស៊ឹងឆយ​ ប្រធាន​ក្រុមហ៊ុន​ MH.Group សម្រាប់​អនាគត​ខាង​មុខ​ក្រុមហ៊ុន​នឹង​ពង្រីក​សង្វាក់​ផលិតកម្ម​ពី​ចំនួន​១២០ ​តោន​ ទៅ​៤០០​តោន​ក្នុង​មួយ​ថ្ងៃ។ ដូច្នេះ​ក្រុមហ៊ុន​ត្រូវ​ការ​វត្ថុ​ធាតុ​ដើម​ចំនួន​២៨​ម៉ឺន​តោន​ និង​អាច​ផលិត​អេតាណុល​បាន​១២​ម៉ឺន​តោន​ក្នុង​មួយ​ឆ្នាំ៕

អត្ថបទផ្សេងៗទៀត

ប្រអប់បញ្ចេញមតិយោបល់