ការ​ចម្រាញ់​ប្រេង​ឥន្ធនៈ​ពី​ក្រដាស់​កាសែត

01.កញ្ញា.2011

ស្របពេល​ដែល​ប្រេង​ឥន្ធនៈ​នៅលើទីផ្សារ​ពិភពលោក​​មាន​តម្លៃ​កាន់​តែ​ខ្ពស់ឡើងៗ តើ​លោកអ្នក​ធ្លាប់​ស្រមើស្រមៃ​ថា​នឹង​យក​អ្វី​​មួយ​មក​ជំនួស​ឱ្យប្រេង​ឥន្ធនៈ​ទាំងនេះ​ដែរ​ឬទេ ?

ក្រុមអ្នក​ស្រាវជ្រាវ​នៃ​សាកលវិទ្យាល័យ Tulane នៅ​សហរដ្ឋ​អាមេរិច​​​បាន​បង្ហាញ​ថា មាន​សរីរាង្គ​តូច​មួយ​អាច​បំលែង​ក្រដាស់​កាសែត​​ឱ្យ​ទៅជា​​​ជីវឥន្ធនៈ​ដែល​អាច​យក​ទៅ​ប្រើប្រាស់​ជំនួស​​ប្រេង​ឥន្ធនៈ​នាពេល​បច្ចុប្បន្ន​ ។

ប្រភេទ​មីក្រូ​សរីរាង្គ​ថ្មី​ដែល​ត្រូវ​បាន​ក្រុម​អ្នក​ស្រាវជ្រាវ​រក​ឃើញ​មាន​ឈ្មោះ​ថា "TU-103" ដែល​មាន​នៅក្នុង​លាមក​សត្វ ។ TU-103 មាន​លទ្ធភាព​បំលែង​សារធាតុ​សែលុយឡូស​នៅក្នុង​ក្រដាស់​កាសែត​ដែល​ធ្វើ​មកពី​សាច់ឈើ​ឱ្យទៅ​ជា​សាធាតុ​ប៊ុយតាណុល​ដែល​ជា​ប្រភព​នៃ​ជីវឥន្ធនៈ ​ហើយ​ដែល​លោកអ្នក​អាច​​យក​វា​មក​ធ្វើ​ឱ្យ​​យានយន្ត​មាន​ដំណើរការ​​បាន ។

លោក Harshad Velankar សមាជិក​ក្រុម​ស្រាវជ្រាវ​​នេះ​បាន​បញ្ជាក់​ឱ្យដឹង​ថា សារធាតុ​សែលុយឡូស​មិន​មែន​មាន​តែ​ក្នុង​សាច់​ឈើ​​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​សារធាតុ​សែលុយឡូស​​នេះ​មាន​នៅ​គ្រប់​ទិសទី​នៅលើ​ភពផែន​ដី​ ។ នៅក្នុង​សហរដ្ឋ​អាមេរិច សារធាតុ​សែលុយឡូស​យ៉ាង​ហោច​ណាស់​​៣២៣​លាន​តោន​ត្រូវ​បាន​គេ​បោះបង់​ចោល​ជា​រៀង​រាល់​ឆ្នាំ ។

ដូច្នេះ របកគំហើញ​ថ្មី​នេះមិន​ត្រឹម​តែ​ជួយ​កាត់​បន្ថយ​តម្លៃ​របស់​ប្រេង​ឥន្ធនៈនៅលើ​ពិភព​លោក​បាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​អ្វី​ដែល​អស្ចារ្យ​ជាងនេះ​ទៅទៀត​គឺវា​ជាជីវឥន្ធនៈ​មួយ​ប្រភេទ​ដែល​អាច​ជួយ​កាត់​បន្ថយ​​បរិមាណ​កាបូន​ឌីអុកស៊ីដ (Co2) និង​ការ​បញ្ចេញ​ផ្សែង​ពុលបាន​មួយ​កម្រិត​ទៀត​បើ​ប្រៀបធៀប​ជាមួយ​ប្រេង​ឥន្ធនៈ​ក្នុង​ពេល​បច្ចុប្បន្ន ៕

វណ្ណឌី

 

COMMENT_MESSAGE

​មតិយោបល់
សូមបញ្ចូលពាក្យពីរនៅខាងក្រោមមុននឹងចុចបញ្ជូន​