www.kqube.com

តម្លៃ​ប្រេង​ដូង​បាន​ធ្លាក់​ចុះ​ជិត​១០%

E-mail Print PDF

1806.10.2011ភ្នំពេញៈ តម្លៃ​ប្រេង​ដូង​កម្ពុជា​បាន​ធ្លាក់​ចុះ​ជិត​១០​ភាគ​រយ​នៅ​ដើម​ខែ​តុលា​នេះ​ ខណៈ​ដែល​បរិមាណ​ប្រេង​ដូង​នៅ​លើ​ទីផ្សារ អន្តរ​ជាតិ​មាន​ការ​កើន​ឡើង​។ នេះ​បើ​តាម​ការ​អះ​អាង​ពី​អគ្គ​នាយក​ក្រុម​ហ៊ុន​ ម៉ុង​ ឫទ្ធី​ គ្រុប​។

លោក​ ម៉ុង​ ឫទ្ធី​ ​អគ្គនាយក​ក្រុម​ហ៊ុន​ ម៉ុង​ ឫទ្ធី​​គ្រុប​ បាន​ប្រាប់កាល​ពី​ម្សិល​មិញ​ថា​ តម្លៃ​​ប្រេង​​ដូង​មួយ​តោន​បាន​ធ្លាក់​ចុះ​នៅ​ត្រឹម​ ៩៥០​ដុល្លារ​ ពោល​គឺ​ធ្លាក់​ចុះ​ប្រមាណ​ ៩,៥២​ភាគរយ​ បើ​​ប្រៀប​ធៀប​កាល​ពី​ខែ​សីហា ​ដែល​​កាល​នោះ​ប្រេង​ដូង​មួយ​តោន​មាន​តម្លៃ​ប្រហែល​ ១០៥០​ដុល្លារ​​។ លោក​បញ្ជាក់​ថា​៖ «ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​ប្រេង​ដូង​ ដោយ​សារ​តែ​បរិមាណ​ប្រេង​ដូង​នៅ​លើ​ទីផ្សារ​អន្តរជាតិ​មាន​ការកើន​ឡើង​ដែល ធ្វើ​ឲ្យ​ឈ្មួញ​ទម្លាក់​ថ្លៃ​»​។

លោក​បន្ត​ថា ​នៅ​រដូវ​នេះ​មាន​ភ្លៀង​​ច្រើន​ដែល​ធ្វើ​ឲ្យ​ដូង​ប្រេង​ផ្តល់​ទិន្នផល​ ខ្ពស់​ មិន​តែ​ប៉ុណ្ណោះ​ដូង​​ប្រេង​នៅ​ប្រទេស​ផ្សេង​ៗ​ក៏​ទទួល​បាន​ផល​ខ្ពស់​ដែរ។

ក្រុម​ហ៊ុន ម៉ុង​ ឫទ្ធី​ គ្រុប​ បាន​នាំ​ចេញ​​ប្រេង​ដូង​ទៅ​កាន់​ទីផ្សារ​ប្រទេស​ស្វ៊ីស​ ឥណ្ឌា​ ម៉ាឡេស៊ី ​និង​វៀត​ណាម នៅ​រយៈ​ពេល​៦​ខែ​ដំបូង​​នេះ​មាន​ប្រមាណ​១​ម៉ឺន​តោន​ និង​មាន​តម្លៃ​ប្រហែល​១១​លាន​ដុល្លារ​ ខណៈ​៦​ខែ​ឆ្នាំ​២០១០​មាន​ប្រមាណ​ជាង​៧ ៦០០​តោន​ និង​មាន​តម្លៃ​៧​លាន​ដុល្លារ។

លោក​ ម៉ុង​ ឫទ្ធី​ លើក​ឡើង​ថា ​បើ​ទោះ​បី​តម្លៃ​ប្រេង​ដូង​ធ្លាក់​នៅ​ត្រឹម​តម្លៃ​នេះ​ក្តី​ក៏​ឧស្សាហកម្ម ​នេះ​នៅ​តែ​មាន​ភាព ល្អ​ប្រសើរ​។

លោក​ ហ៊ាន​ វ៉ាន់ហន​ អគ្គ​នាយក​រង​នៃ​អគ្គ​នាយក​ដ្ឋាន​កសិកម្ម​ក្រសួង​កសិកម្ម​រុក្ខា​ ប្រមាញ់​ និង​​នេសាទ​បាន​មាន​ប្រសាសន៍​ថា ​ដំណាំ​ដូង​ប្រេង​គឺ​ជា​ដំណាំ​ដែល​មាន​ប្រសិទ្ធ​ភាព​សេដ្ឋកិច្ច​ខ្ពស់ ជាង​ដំណាំ​ផ្សេង​ៗ​។លោក​បញ្ជាក់​ថា​៖ «​វា​ជា​ដំណាំ​ឧស្សាហកម្ម​មួយ​ដែល​អាច​បង្កើត​ការ​ងារ​ដល់​ប្រជា​ពល រដ្ឋ​បាន​ផង​ដែរ​»។

កាល​ពី​ថ្មី​ៗ​នេះ​ក្រុម​ហ៊ុន​ ម៉ុង​ ឫទ្ធី​ គ្រុប​ បាន​ព្យាករ​ថា ការ​នាំ​ចេញ​​ប្រេង​ដូង​របស់​ខ្លួន​នឹង​កើន​ដល់​ជាង​២​ម៉ឺន​តោន ដែល​នឹង​អាច​ទទួល​ចំណូល​ដល់​ទៅ​ ២០​លាន​ដុល្លារ​។ តួ​លេខ​នេះ​បាន​កើន​ខ្ពស់​ជាង​កាល​ពី​ឆ្នាំ​មុន​ ដែល​កាល​នោះ​មាន​ប្រមាណ​ជា១៦ ០០០​តោន និង​ផ្តល់​ចំណូល​ជាង​១៦​លាន​ដុល្លារ​ប៉ុណ្ណោះ ៕{fcomment}