Chouk Khmer

November 3, 2008

ឥន្ធនៈនៅពេលអនាគត

ដំណាំ​ចំណី​សត្វ​គឺ​ជា​វត្ថុធាតុ​​ដើម​​សែលុយឡូស ។ ការ​ចម្រាញ់​ជីវសាស្ត្រ​ថ្មីៗ ។ កំណើន​ប្រាក់​ចំណូល​នៃ​កសិដ្ឋាន ។ ​ចំណី​អាហារ​ធ្វើ​ពី​ត្រី​​មាន​តម្លៃ​ថោក ។ ការ​ស្រាវជ្រាវ​ផ្នែក​ជីវថាមពល​នា​ពេល​បច្ចុប្បន្ន​នឹង​មាន​ឥទ្ធិពល​លើ​ឧស្សាហកម្ម​កសិកម្ម​ និង​ប្រភេទដំណាំ​ទាំងអស់​តាម​វិធីជាច្រើន ។

មិនមែន​គ្រាន់​តែ​ជាពាក្យ​សម្រាប់​វិស័យ​ជាក់​លាក់​មួយ​ទេ ការ​ចម្រាញ់​ជីវសាស្ត្រ” ​គឺ​ជា​ឧស្សាហកម្ម​ដ៏​មាន​សារៈសំខាន់​មួយ​សម្រាប់​សហរដ្ឋអាមេរិច​តាំង​តែ​ពី​សម័យ​សង្គ្រាម​លោក​លើក​ទី​២ នៅ​ពេល​ដែល​ការ​ស្រាវជ្រាវ​របស់​សេវាកម្ម​ស្រាវជ្រាវកសិកម្ម (ARS) ​ជួយ​ផ្ដល់​នូវ​វត្ថុ​ធាតុ​ដើម​សម្រាប់​ផលិត​អេតាណុល​ដើម្បី​គាំទ្រ​ដល់​ការ​ធ្វើ​ចម្បាំង ។ ការ​ស្រាវជ្រាវ​របស់​ភ្នាក់ងារ​នេះ​មិន​បាន​បញ្ឈប់​នៅ​ត្រឹមហ្នឹង​ទេ ហើយ​​ ARS ​នៅ​តែ​បន្ត​​ឈាន​មុខ​នៅ​ក្នុង​ការ​ស្រាវជ្រាវ​ផ្នែក​ជីវថាមពល ។

បច្ចុប្បន្ន ផលិតផល​ថ្មីៗ​កំពុង​តែ​បញ្ចេញ​លក់​នៅ​លើ​ទីផ្សារ ។ ការ​ស្រាវជ្រាវ​អំពី​ថាមពល​ជំនួស (ប្រេង​ឥន្ធនៈ​បាន​មក​ពី​រ៉ែ) ​មាន​សន្ទុះ​ឈាន​ឡើង ។ អ្នក​វិទ្យាសាស្ត្រ​នៅ​ទូទាំង​ប្រទេស​អាមេរិច​​កំពុង​តែ​អង្កេត​អំពី​វិធី​ដើម្បី​បង្កើន​ការ​អភិវឌ្ឍន៍​សេនេទិច ផលិតកម្ម​ប្រកបដោយ​ចេរភាព និង​ការ​បំប្លែង​​ជីវឥន្ធនៈ​ពី​វត្ថុធាតុ​ដើម (បាន​មក​ពី​កសិកម្ម) ​​នៅ​ក្នុង​វិធី​​ដែល​កម្រិត​ជា​អប្បរមា​នូវ​ផល​ប៉ះពាល់​នៃ​ផលិតផល​​ថ្មី​ទាំងនេះទៅ​​លើ​តម្លៃ និង​អត្ថិភាព​នៃ​ម្ហូបអាហារ ។

ឧទាហរណ៍ ARS កំពុង​តែ​ឈាន​មុខ​ក្នុង​ការ​ស្រាវជ្រាវ​អំពី​សារធាតុ​ភ្នាស​កោសិកា​ដែល​ជា​ប្រភព​ថាមពល​អាច​កកើត​ឡើងវិញ​​ដែល​មាន​ចំនួន​​ច្រើន និង​​មិន​មែន​ជា​​ចំណី​អាហារ​​ ។ សែលុយឡូស Lignin និង​សមាសធាតុ​ដទៃ​ទៀត​នៃ​ភ្នាស​កោសិកា​រុក្ខជាតិ​មាន​នៅ​ក្នុង​​ដើម​​ពោត និង​សំណល់​រុក្ខជាតិ​ផ្សេងៗ​ទៀត ចំបើង​ស្រូវ​សាឡី កាក​សំណល់​ចំណី​អាហារ និង​ស្មៅ​រស់​បាន​យូរ​ ដូច​ជា ស្មៅ​Switchgrass ។ ស្មៅ​ដ៏​ខ្លាំង​​មាន​ដើម​កំណើត​នៅ​អាមេរិច​ខាង​ជើង​នេះ​គឺ​ជា​ប្រធានបទ​នៃ​គម្រោង​​ស្រាវជ្រាវ​ជា​ច្រើន​របស់​ARS ។ នៅ​ក្រុង Albany រដ្ឋ California អ្នក​វិទ្យាសាស្ត្រ​កំពុង​តែ​បញ្ជាក់​ពី​ដំណាក់​កាល​បន្ត​បន្ទា​ប់​រាប់​ពាន់​ឆ្នាំ​នៃ​បំណែក​សែន​របស់ Switchgrass ដើម្បី​ស្វែង​រក​លក្ខណ៍ដ្ឋាន​​​មាន​ប្រយោជន៍ ។ នៅ​ក្រុង Lincoln រដ្ឋ Nebraska អ្នក​វិទ្យាសាស្ត្រ​កំពុង​តែ​អភិវឌ្ឍន៍​ពូជ​ថ្មីៗ​​សម​ស្រប​នឹង​​លក្ខខណ្ឌ​ផលិតកម្ម​ខុសៗ​គ្នា ។ នៅ​ក្រុង Madison រដ្ឋ Wisconsin អ្នក​វិទ្យាសាស្ត្រ​កំពុង​កំណត់​អត្តសញ្ញាណ​សែន និង​យុទ្ធសាស្ត្រ​ដើម្បី​បង្កាត់ Switchgrass ដែល​មាន​ប្រសិទ្ធភាព​ជាង​មុន​​សម្រាប់​ផលិតកម្ម​ជីវឥន្ធនៈ ។ នៅសាកលវិទ្យាល័យ​ Park រដ្ឋ Pennsylvania អ្នក​វិទ្យាសាស្ត្រ​កំពុង​តែ​វាយ​តម្លៃ​ពី​ផលប្រយោជន៍​​ផ្នែក​បរិស្ថាន​នៃ​ស្មៅ Switchgrass ។ នៅ​ក្រុង Peoria រដ្ឋ Illinois អ្នក​វិទ្យាសាស្ត្រ​កំពុង​កំណត់​អត្តសញ្ញាណ​មីក្រុប​ដែល​អាច​​បង្កើន​ការ​បំប្លែង Switchgrass ទៅ​ជា​ជីវឥន្ធនៈ ។

ARS កំពុង​តែ​អង្កេត​ជម្រើស​ប្រកប​ដោយ​សក្ដានុពល​ជាង​១០​ផ្សេង​ទៀត រួមមាន ប្រភេទ​ស្មៅ​ផ្សេងៗ Alfalfa និង ស្រូវ​បាឡេ ហើយ​និង​អនុផល​ពី​ផលិតកម្ម​ និង​ការ​កែច្នៃ​កសិកម្ម ដូចជា លាមក​សត្វ និង​សំបក​ក្រូច ផងដែរ ។ កិច្ច​ប្រឹងប្រែង​សហប្រតិបត្តិការ​ទាំងនេះ​នឹង​ជួយ​ធ្វើ​ឲ្យ​ប្រាកដថា អ្នក​ចម្រាញ់​ជីវសាស្ត្រ​មាន​វត្ថុធាតុ​​ដើម​​ដ៏​សម្បូរបែប​ក្នុង​ការ​ផលិត​ជីវឥន្ធនៈ ។

ទោះបីជា​ការ​ស្រាវជ្រាវ​ភាគ​ច្រើន​របស់ ARS ទាក់ទិន​តែ​នឹង​ដំណាំ និង​ប្រភេទ​ពូជ​ដំណាំ​ជាក់​លាក់​ក៏​ដោយ ក៏ ARS បាន​​រួម​បញ្ចូល​ភាព​ជឿនលឿន​នៃ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ផ្សេងៗ​ដែល​អាច​​ផ្ដល់​ផល​ប្រយោជន៍​ការ​ពិត​​​​ដល់​ការ​ស្រាវជ្រាវ​​ប្រភេទ​ពូជ​ដំណាំ​ផ្សេងៗ​ទៀត ។ អ្វី​ដំណើរការ​ល្អ​នៅក្នុង​កសិដ្ឋាន​តូច​មួយ​នៅ​រដ្ឋ Pennsylvania អាច​នឹង​មិន​ដំណើរការ​នៅ​ក្នុង​កសិដ្ឋាន​ធំ​នៅ​រដ្ឋ California ទេ ។ ការ​បញ្ជាក់​ថា​​តើ​ដំណាំ​ណា​មួយ​គួរ​ដាំ​នៅ​ក្នុង​តំបន់​ជាក់លាក់​​ណា​មួយ​នៅ​ក្នុង​ប្រទេស ការ​កំណត់​អត្តសញ្ញាណ​ការ​អនុវត្ត​ល្អ​បំផុត​សម្រាប់​​ការ​ដាំ​ដំណាំ​ និង​ការ​ជ្រើរើស​លក្ខខណ្ឌ​ចម្រាញ់​ជីវសាស្ត្រ​ល្អ​បំផុត​ គឺ​ឆ្លុះ​បញ្ចាំង​ពី​យុទ្ធសាស្ត្រជា​​ប្រព័ន្ធ​​នៃ​ការ​ស្រាវជ្រាវ​របស់ ARS ។

ការ​សិក្សា​ដូចនេះ ធ្វើ​ឲ្យ​ដំណោះស្រាយ​ឥន្ធនៈ​ជំនួស​អាច​ធ្វើ​ទៅ​បាន​ចំពោះ​កសិដ្ឋាន និង​តំបន់​ជាក់លាក់ ដែល​ធ្វើ​ឲ្យ​ផលិតកម្ម​កាន់​តែ​មាន​ប្រសិទ្ធភាព ទទួល​បាន​ប្រាក់​ចំណេញ​បន្ថែម និង​ប្រកប​ដោយ​​ចេរភាព​ ។

ពហុផលិតផល​បាន​មក​ពី​ការ​ចម្រាញ់​ជីវសាស្ត្រ​ជំនាន់​ថ្មី​​ក៏​បាន​កើត​ឡើង​ចេញ​ពី​ការ​ស្រាវជ្រាវ​ជីវឥន្ធនៈ​របស់ ARS ផងដែរ ។ ផលិតផល​ទាំងនេះ​កំពុង​តែ​បង្កើត​កាលានុវត្តភាព​គួរ​ឲ្យ​ចាប់​អារម្មណ៍​សម្រាប់​វិស័យ​កសិកម្ម ។ ឧទាហរណ៍​ដ៏​ឆ្នើម​មួយ​គឺ Glycerol ជា​ពហុផលិតផល​នៃ​ផលិតកម្ម​ជីវម៉ាស៊ូត ។ អ្នក​ស្រាវ​ជ្រាវ​​នៃ ARS នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ភូមិភាគ​​ខាងកើត​ នៅ​ក្រុង Wyndmoor រដ្ឋ Pennsylvania បាន​រក​ឃើញ​សក្ដានុពល​មិន​អាច​កាត់​ថ្លៃ​​បាន​នៃ​ការ​ប្រើប្រាស់ Glycerol ដូចជា នៅ​ក្នុង​ផលិតកម្ម Polyester bio-polymers ដែល​អាច​ប្រើ​ជា​ផ្លាស្ទិច ឬ​ជា​ធាតុ​ស្អិត ។ ចំណែកឯ​ពហុផលិតផល​ថ្មីៗ​ ដូចជា​ប្រេង​ចម្អិន​ម្ហូប សារធាតុ​បន្ថែម​ម្ហូបអាហារ និង​ចំណី​វារីវប្បកម្ម នឹង​លើក​ស្ទួយ​ប្រាក់​ចំណេញ​នៃ​ការ​ចម្រាញ់​ជីវសាស្ត្រ​នាពេល​បច្ចុប្បន្ន និង​អនាគត ។

ការ​ស្រាវជ្រាវ​ពី​ផលិតកម្ម​វត្ថុធាតុ​ដើម​​របស់ ARS គឺ​ដើម្បី​ធ្វើ​ឲ្យ​ល្អ​ប្រសើរ​នូវ​បរិមាណ និង​គុណភាព​នៃ​វត្ថុធាតុដើម​សម្រាប់​ការ​ចម្រាញ់​ជីវសាស្ត្រ ដូច្នេះ​ទាំងកសិករ និង​អ្នក​បំប្លែង​នឹង​ទទួល​បាន​ប្រាក់​ចំណេញ ។ ARS បាន​អភិវឌ្ឍន៍​ឧបករណ៍​សម្រាប់​ជួយ​កសិករ និង​អ្នក​ប្រតិបត្តិការ​ចម្រាញ់​ជីវសាស្ត្រ​ធ្វើការ​បណ្ដាក់​ទុន​វិនិយោគ ហើយ​ការ​ស្រាវជ្រាវ​របស់​ ARS កំពុង​តែ​បង្កើត​ឧបករណ៍ និង​វិធីសាស្ត្រ​ដោយ​​ធ្វើ​ឲ្យ​គុណប្រយោជន៍​សេដ្ឋកិច្ច​​នៃ​ជីវឥន្ធនៈ​អតិបរមា ហើយ​ជាមួយ​គ្នា​នេះ​ក៏​បាន​ការពារ​ដី ខ្យល់ និង​ធនធានទឹក​របស់​យើង​ផងដែរ ។

អ្នក​វិទ្យាសាស្ត្រ​របស់ ARS ក៏​កំពុងតែ​កំណត់​ពី​វិធី​សាស្ត្រ​បំប្លែង​ដែល​ដំណើរការ​ល្អ​ជាមួយ​ដំណាំ​ជាក់​លាក់ និង​កំពុង​តែ​កំណត់​អត្តសញ្ញាណ​ប្រព័ន្ធ​ផលិតកម្ម​វត្ថុធាតុ​ដើម​​ដើម្បី​ឲ្យ​បាន​ផល​ចំណេញ​អតិបរមា និង​មាន​និរន្តរភាព ។ ការ​ស្រាវជ្រាវ​របស់ ARS បាន​អភិវឌ្ឍន៍​ឧបករណ៍ និង​វិធីសាស្ត្រ​នានា​ដើម្បី​​ពន្លឿន​ដំណើរការ​បំប្លែង ដែល​ធ្វើ​ឲ្យ​តម្លៃ​​ផលិតកម្ម​ទាប ។ ឧទាហរណ៍ ថ្មីៗ​នេះ ARS បាន​ស្រាវជ្រាវ​ដើម្បី​អភិវឌ្ឍន៍​ឧបករណ៍​ញាណ (Sensor) ដើម្បី​តាមដាន​ការ​បប្លែង​​នៃ Xylose និង Arabinose ជា​ស្ករ​២​ប្រភេទ​ដែល​មាន​នៅ​ក្នុង​ជីវម៉ាស​សម្រាប់​បប្លែង​ទៅ​ជា​អេតាណុល ។

ARS កំពុង​តែ​ពង្រីក​ការ​អង្កេត​ស្រាវជ្រាវ​របស់​ខ្លួន​ដើម្បី​ស្វែង​រក​ជម្រើស​ឥន្ធនៈ​ដែល​មាន​មូលដ្ឋាន​ពី​កសិដ្ឋាន​ដែល​អាច​ជួយ​សម្រាល​ការ​ពឹង​ផ្អែក​របស់​សហរដ្ឋ​អាមេរិច​ទៅ​លើ​ការ​នាំ​ចូល​ប្រេង​ពី​បរទេស និង​កាត់​បន្ថយ​ការ​បញ្ចេញ​នូវ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ទៅ​ក្នុង​បរិយាកាស ។ ទិស​ដៅ​ចម្បង​របស់​ផ្នែក​​ជីវថាមពល និង​ថាមពល​ជំនួស នៃ ARS គឺ​ផ្សព្វផ្សាយ​នូវ​បច្ចេកវិទ្យា និង​ផលិតផល​កសិកម្ម​ដែល​អាច​ផលិត​ជា​ជីវថាមពល​ប្រកប​ដោយ​ប្រាក់​​ចំណេញ និង​ប្រកប​ដោយ​ចេរភាព​ពី​ធនធាន​មិន​ចំណី​អាហារ​​ដែល​អាច​កកើត​ឡើង​វិញ ។

ដោយ​មាន​អ្នក​ជំនាញ​នៅ​ក្នុង​បរិបទ​វិទ្យាសាស្ត្រ​ពាក់​ព័ន្ធ​ទាំងអស់ ARS​ មាន​តួនាទី​ពិសេស​ក្នុង​ការ​រួម​បញ្ចូល​នូវ​ភាព​ជឿនលឿន​នៃ​វិទ្យាសាស្ត្រ​ដែល​ត្រូវ​ការ​នៅ​ក្នុង​ការ​អភិវឌ្ឍន៍​វត្ថុធាតុ​ដើម ផលិត​កម្ម​វត្ថុធាតុ​ដើម និង​ការ​ចម្រាញ់​ជីវសាស្ត្រ ដូច្នេះ​ផលិតកម្ម​ជីវឥន្ធនៈ​គឺ​មាន​និរន្តរភាព​ទាំង​ផ្នែក​សេដ្ឋកិច្ច និង​ផ្នែក​បរិស្ថាន ។ ហើយ​ការ​ពិត​ដែល ARS មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ​ជា​មួយ​មនុស្ស​នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម​ម្ហូបអាហារ និង​កសិកម្ម​ទូទាំង​សហរដ្ឋ​អាមេរិច មាន​ន័យ​ថា ARS នឹង​ផ្ដោត​ការ​ស្រាជ្រាវ​ដែល​អាច​រួម​បញ្ចូល​​ដ៏​ត្រឹមត្រូវ​នូវ​ផលិតកម្ម​ជីវឥន្ធនៈ​ទៅ​ក្នុង​វិស័យ​កសិកម្ម ។

ការ​ស្រាវជ្រាវ​នេះ​នឹង​ជួយ​​បង្កើត​កាលានុវត្តភាព​ការងារ និង​ស្រប​ពេល​ជាមួយ​គ្នា​បន្ថយ​សម្ពាធ​ទៅ​លើ​ការ​បំពុល​បរិស្ថាន ។ ARS សង្ឃឹមថា​កសិករ ឧស្សាហករ និង​អ្នក​ប្រើប្រាស់​អាមេរិច​នឹង​ទទួល​បាន​នូវ​ផលប្រយោជន៍​ដ៏​សម្បើម​នេះ ។ អត្ថបទ​ដោយ Bob Fireovid

 

បកប្រែ​ និង​ផ្សព្វ​ផ្សាយ​ដោយ​មាន​ការ​អនុញ្ញាតពី  USDA (Agricultural Research/Oct 2008)

 

Comments »

The URI to TrackBack this entry is: http://choukhmer.blogsome.com/2008/11/03/future-fuel/trackback/

No comments yet.

RSS feed for comments on this post.

Leave a comment

Line and paragraph breaks automatic, e-mail address never displayed, HTML allowed: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <code> <em> <i> <strike> <strong>



Anti-spam measure: please retype the above text into the box provided.






















Get free blog up and running in minutes with Blogsome
Theme designed by Helga Cleve